ក្លឹប​ធំ Lyon មាន​វិបត្តិ ហើយ​កំពុង​ឈរ​បាត​តារាង​លីគ​កំពូល​បារាំង

 ក្លឹប​ Olympique Lyonnais ហៅ​កាត់​ថា Lyon ធ្លាក់​ទម្រង់​លេង​យ៉ាង​គំហុក ក្នុង​រដូវ​កាល​នេះ។

បច្ចុប្បន្ន​ក្លឹប​Lyon​កំពុង​ឈរ​បាត​តារាង​លីគ​កំពូល​បារាំង​ហើយ​មាន​ត្រឹម​តែ​៧​ពិន្ទុ​ប៉ុណ្ណោះ។​Lyon​លេង​១៤​ប្រកួត​ហើយ​គិត​មក​ទល់​ពេល​នេះ​ក្នុង​នោះ​ចាញ់​​៩​ប្រកួត​ស្មើ​​៤​ដង​និង​ឈ្នះ​តែ​១​លើក​គត់។

Lyon​គឺ​ជា​ក្លឹប​ដ៏​ធំ​មួយ​នៅ​បារាំង​ហើយ​មាន​ប្រវត្តិ​ជោគជ័យ​ជា​ច្រើន។​​ក្លឹប​ធ្លាប់​ឈ្នះ​លីគ​កំពូល​បារាំង​ដល់​ទៅ​៧​រដូវ​កាល​ជាប់​គ្នា​ពី​ឆ្នាំ​២០០១​ដល់​២០០៨។​មិន​តែ​ប៉ុណ្ណោះ​ក្លឹប​បាន​ឡើង​លេង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​​Champions​League​ដល់​ទៅ​ពីរ​លើក​ទៀត​ផង​ពោល​គឺ​រដូវ​កាល​២០០៩-២០១០​និង​២០១៩-២០២០។​ទោះ​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​ក្លឹប​ហាក់​ធ្លាក់​ទម្រង់​លេង​តែ​ក៏​មិន​ធ្លាក់​បាត​ដូច​រដូវ​កាល​នេះ​ដែរ។​កាល​ពី​រដូវ​កាល​មុន​ក្លឹប​បញ្ចប់​រដូវ​កាល​ក្នុង​តំណែង​លេខ​៧។

គិត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ប្រភព​ណា​ហ៊ាន​អះអាង​ថា​ហេតុ​អី​បាន​ក្លឹប​ដ៏​ធំ​មួយ​ធ្លាក់​ទម្រង់​លេង​យ៉ាង​គំហុក​យ៉ាង​នេះ។​អ្នក​វិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ពី​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​ក្លឹប​ធ្លាក់​ទម្រង់​លេង​បែប​នេះ​រួម​មាន​ការ​រើរុះ​ថ្នាក់​ដឹកនាំ​ក្លឹប​បញ្ហា​ហិរញ្ញវត្ថុ​និង​ការ​ចាកចេញ​របស់​កីឡាករ​ល្អៗ​មួយ​ចំនួន​កាល​ពី​ទី​ផ្សារ​ដោះ​ដូរ​កន្លង​ទៅ​ហើយ​មិន​មាន​កីឡាករ​ល្អ​មក​ជំនួស​វិញ​ជា​ដើម។

ក្លឹប​ទើប​តែ​បញ្ចប់​តំណែង​គ្រូ​បង្វឹក​ដល់​ទៅ​២​រូប​ក្នុង​រយៈ​ពេល​២​ខែ​នោះ​គឺ​បញ្ឈប់​លោក​Laurent​Blanc​កាល​ពី​ខែ​កញ្ញា​និង​លោក​Fabio​Grosso​កាល​ពី​ខែ​វិច្ឆិកា។​ការ​បន្ត​ធ្លាក់​ទម្រង់​លេង​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្លឹប​ជា​ច្រើន​ព្រួយ​បារម្ភ​ថា​ក្លឹប​អាច​នឹង​កាត់​ចេញ​ពី​លីគ​លំដាប់​​១​ហើយ​ធ្លាក់​ទៅ​លេង​លីគ​លំដាប់២​វិញ៕

No comments

Theme images by merrymoonmary. Powered by Blogger.